ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍មួយដែលផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច និងទៅលើវិស័យផលិតកម្មនិងកសិកម្ម។ ដើម្បីទ្រទ្រង់ការអភិវឌ្ឍប្រទេស វាមានសារៈសំខាន់ណាស់ក្នុងការបង្កើនទេពកោសល្យនិងជំនាញដើម្បីអាចនាំមកនូវការផ្លាស់ប្តូរសេដ្ឋកិច្ចដែលការចង់បាន។ នៅជុំវិញពិភពលោកការអភិវឌ្ឍសេដ្ឋកិច្ចនៅសតវត្សទី ២១គឺពឹងផ្អែកលើបច្ចេកវិទ្យា។ ប្រសិនបើយើងក្រឡេកមើលទៅប្រទេសអភិវឌ្ឍន៍ភាគច្រើននៅក្នុងតំបន់យើងអាចឃើញយ៉ាងច្បាស់នូវអត្ថប្រយោជន៍របស់វា។
ខាងក្រោមនេះ ជាការធ្វើបទសម្ភាសន៍ពិសេសជាមួយលោកស្រី Nataly Rodionova នាយកគ្រប់គ្រងសាលា IT Academy STEP Cambodia ដែលជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលផ្តល់ជូននូវការអប់រំផ្នែក Programming និង Computer Graphic and Design ហើយបានបង្កើតនូវកេរ្តិ៍ឈ្មោះមួយក្នុងចំណោមកន្លែងល្អបំផុតនៅកម្ពុជាសម្រាប់ការអប់រំទាក់ទងនឹងបច្ចេកវិទ្យា។
សំនួរ៖ ជាដំបូងតើលោកស្រី អាចណែនាំខ្លួន ក៏ដូចជាការងារនៅក្នុងប្រទេសកម្ពុជាបានទេ?
លោកស្រី Nataly Rodionova៖ ខ្ញុំបានរស់នៅប្រទេសកម្ពុជាអស់រយៈពេលជាង ២ ឆ្នាំមកហើយ។ ខ្ញុំបានមកទីនេះដើម្បីបង្កើតសាខានៃ IT Academy STEP ។ ចក្ខុវិស័យរបស់យើងគឺនាំមកនូវការអប់រំអន្ដរជាតិដែលមានគុណភាពខ្ពស់ដល់សិស្សកម្ពុជា ហើយតំលៃគឺសមរម្យនិងអាចទទួលយកបាន។ យើងឃើញថាវាមានគម្លាតកាន់តែច្រើនឡើង ៗ នៅក្នុងប្រទេសអភិវឌ្ឍសេដ្ឋកិច្ច ការទាមទារអ្នកមានឯកទេសកាន់តែកើនឡើងប៉ុន្តែអ្នកដែលមានជំនាញមានកំរិតទាបខ្លាំងណាស់។
សំនួរ៖ តើលោកស្រីយល់ឃើញយ៉ាងណាអំពីនិន្នាការរបស់សិស្សក្នុងប្រទេសកំពុងចំពោះ ការសិក្សាផ្នែកព័ត៌មានវិទ្យា?
លោកស្រី Nataly Rodionova៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា មានតែ៨ភាគរយ នៃសិស្សតែប៉ុណ្ណោះដែលបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីទាក់ទងនឹង IT បន្ទាប់ពីពួកគេបញ្ចប់ការសិក្សានៅវិទ្យាល័យ។ ចំនួននេះគឺទាបខ្លាំងណាស់។ សិស្សភាគច្រើនជ្រើសរើសការសិក្សាមុខវិជ្ជាផ្នែកជំនួញនិងធនាគារដែលភាគច្រើនស្ថិតក្រោមសម្ពាធពីក្រុមគ្រួសារដែលគិតថា អាជីពការងារគណនេយ្យវាជាជម្រើសដ៏សុវត្ថិភាពមួយដែលអាចធានារកបានការងារធ្វើ។ ចំពោះបញ្ហានេះ ខ្ញុំគិតថានិស្សិតជាច្រើនមិនដឹងអំពីឱកាសការងារឬគិតថាវាពិបាកក្នុងការសិក្សាវិទ្យាសាស្រ្តកុំព្យូទ័រ។ សម្រាប់សិស្សម្នាក់ៗគឺត្រូវគិតថាតើការងារគួរតែនៅទីកន្លែងណាក្នុងរយៈពេល ២ ឬ ៣ ឆ្នាំ? តើឧស្សាហកម្មមួយណាដែលកំពុងរីកចម្រើន? ចម្លើយគឺជាឧស្សាហកម្មដែលទាក់ទងនឹងបច្ចេកវិទ្យា។ អ្នកឯកទេសផ្នែកបច្ចេកវិទ្យាព័ត៌មាន ជាពិសេសអ្នកសរសេរកម្មវិធីឥឡូវនេះត្រូវបានគេតម្រូវឱ្យមាននៅគ្រប់ផ្នែកទាំងអស់។ ក្នុងន័យនេះ ខ្ញុំអាចធានាថាមានតែនិស្សិត IT ទេដែលមិនព្រួយបារម្ភអំពីការងាររបស់ពួកគេទេ។
សំនួរ៖ តើលោកស្រីមើលឃើញបែបណាចំពោះ វិស័យបច្ចេកវិទ្យានៅពេលអនាគតខាងមុខនេះ?
លោកស្រី Nataly Rodionova៖ ឥលូវនេះយើងអាចមើលឃើញគម្លាតកាន់តែខ្លាំងឡើងរវាងតម្រូវការ និងការផ្គត់ផ្គង់អ្នកសរសេរកម្មវិធីដែលមាននៅក្នុងប្រទេសកម្ពុជា។ ដើម្បីទទួលបានការអប់រំសមស្របសិស្សអាចចំណាយពេល ២ ឬ ៣ ឆ្នាំហើយបន្ទាប់មកគាត់ក៏ត្រូវការបទពិសោធន៍ថែមទៀតផង។ ដូច្នេះដើម្បីបង្កើនជំនាញវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងត្រូវការប្រហែល ៣ ឆ្នាំយ៉ាងតិច។ នោះមានន័យថាគម្លាតនៅទីនោះយ៉ាងហោចណាស់ ៥ ឆ្នាំ។ ប៉ុន្តែនៅឆ្នាំ ២០២០ ពិភពលោកនឹងឈានទៅរកការរីកចម្រើនផ្នែកបច្ចេកវិទ្យា បន្ទាប់ទៀតដូចជាមនុស្សយន្ត ដែលមានប្រាជ្ញាសិប្បនិម្មិតការពិតជាក់ស្តែងដែលនឹងត្រូវបានអនុវត្ត ហើយនៅគ្រប់ឧស្សាហកម្ម និងប្រទេសទាំងអស់នឹងប្រឈមនឹងការផ្លាស់ប្តូរ។ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលមានមូលដ្ឋានលើបច្ចេកវិទ្យានេះប្រទេសមួយនឹងត្រូវការបុគ្គលិកពី ៤ទៅ ៦ ភាគរយនៅក្នុងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
សំនួរ៖ ចុះប្រទេសកម្ពុជាវិញ?
លោកស្រី Nataly Rodionova៖ ក្នុងរយៈពេលខ្លី ស្ទើរតែមិនអាចទៅរួច។ ដូចដែលខ្ញុំបានលើកឡើងពីមុនអញ្ចឹង ការអប់រំគឺជាការវិនិយោគយូរអង្វែង។ ឧស្សាហកម្មព័ត៌មានវិទ្យាមិនមែនជារឿងងាយស្រួលនោះទេ ។ វាកំពុងអភិវឌ្ឍនឥតឈប់ឈរ ជាពិសេសបច្ចេកវិទ្យាថ្មី និង ភាសាសរសេរកម្មវិធី ទោះបីជាយ៉ាងណា ខ្ញុំគួរតែទទួលស្គាល់ថានេះមិនមែនគ្រាន់តែជាបញ្ហារបស់កម្ពុជាប៉ុណ្ណោះទេ។ បណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ សិង្ហបុរី ជប៉ុន និងមនុស្សជាច្រើនទៀតបានសារភាពថាមានការខ្វះខាតអ្នកឯកទេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ហើយពួកគេដំណើរការកម្មវិធីផ្លាស់ទីលំនៅពិសេសដើម្បីទាក់ទាញអ្នកឯកទេសមកពីបណ្តាប្រទេសផ្សេងៗ។
សំនួរ៖ តើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីគាំទ្រការអភិវឌ្ឍន៍បច្ចេកវិទ្យា?
លោកស្រី Nataly Rodionova៖ ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតដើម្បីគាំទ្រវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានិងបង្កើនចំណាប់អារម្មណ៍សម្រាប់វិទ្យាសាស្រ្តកុំព្យូទ័រក្នុងចំណោមមនុស្សវ័យក្មេង។ យើងគួរតែធ្វើការបង្ហាញពួកគេថាជំនាញព័ត៌មានវិទ្យាមានសារៈសំខាន់ ហើយអាចជួយពួកគេ ដើម្បីទទួលបានប្រាក់ខែនិងការងារល្អទាំងដែលពួកគេនៅមានអាយុវ័យក្មេង។ ប្រសិនបើអ្នកមានជំនាញនិងគំនិតដ៏អស្ចារ្យ អ្នកអាចរកបានមូលនិធិនិងបង្កើតក្រុមហ៊ុនដោយខ្លួនឯងនិងមានឱកាស ជាច្រើនដែលកំពុងលេចចេញជារូបរាងនៅក្នុងប្រទេសកម្ពុជា។
សំនួរ៖ សម្រាប់វគ្គសិក្សា IT និងការសរសេរកម្មវិធី ខាងសាលាលោកស្រីទទួលចាប់ពីអាយុប៉ុន្មាន?
លោកស្រី Nataly Rodionova៖ សាលាយើងខ្ញុំទទួលយកសិស្សដែលមានអាយុចាប់ពី ១៥ ឆ្នាំដល់ ៥៥ ឆ្នាំ។ បច្ចុប្បន្ននេះសិស្សដែលវ័យក្មេងរបស់យើងនៅក្នុងវគ្គសិក្សាអាជីពគឺមានអាយុ ១៥ ឆ្នាំ។ គាត់នៅតែជាសិស្សវិទ្យាល័យម្នាក់និងសិក្សាវគ្គសិក្សាជំនាញវិជ្ជាជីវៈនៅពេលល្ងាច។ សូមស្រមៃថា នៅពេលដែលគាត់មានអាយុ ១៩ឆ្នាំគាត់នឹងទទួលបានវិញ្ញាបនបត្រនិងការអប់រំអន្តរជាតិដែលអាចឱ្យគាត់ដាក់ពាក្យសុំធ្វើការជាមួយក្រុមហ៊ុនអន្ដរជាតិឬក៏បង្កើតការងារផ្ទាល់ខ្លួនរបស់គាត់។ យើងក៏មានសិស្សដែលមានអាយុ ៥២ ឆ្នាំហើយរៀនការរចនាគេហទំព័រជាមួយយើងផងដែរ។
សំនួរ៖ សំនួរចុងក្រោយ ហេតុអ្វីបានជាប្រទេសមួយចំនួនមានឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានច្រើន?
លោកស្រី Nataly Rodionova៖ នោះគឺសាមញ្ញទេ ដោយសារតែការអភិវឌ្ឍន៍ឧស្សាហកម្មព័ត៌មានវិទ្យាក្លាយជាគោលដៅយុទ្ធសាស្រ្តនៅក្នុងសេដ្ឋកិច្ច។ សូមក្រឡេកមើលសហរដ្ឋអាមេរិក ជាពិសេស Silicon Valley បានក្លាយជាឋានសួគ៌សម្រាប់ការចាប់ផ្តើម IT ទូទាំងពិភពលោក។ ចំណែកប្រទេសឥណ្ឌាបានយល់ពីតម្លៃនៃបច្ចេកវិទ្យាលឿនហើយឥឡូវនេះប្រទេសឥណ្ឌាបានបម្រើការងារដូចជា IT outsource hub សម្រាប់ពិភពលោកទាំងមូល៕