នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ វិទ្យាស្ថាន IT Academy STEP បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធិ៍រៀង ក្នុងគោលបំណងដាក់ឱ្យ អនុវត្តកម្មវិធីអាហារូបករណ៍ ១០០% សម្រាប់បេក្ខជនចំនួន ៥០ នាក់ ក្នុងជំនាញអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ (Software Development)។
អាហារូបករណ៍នេះគ្របដណ្តប់ថ្លៃសិក្សា ១០០% សម្រាប់កម្មវិធីបរិញ្ញាបត្ររង (Associate Degree) ជំនាញអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ រយៈពេល ២,៥ ឆ្នាំ ដែលទទួលបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ និស្សិតអាហារូបករណ៍ជំនាន់ដំបូងគ្រោងចាប់ផ្តើមការសិក្សាក្នុងឆ្នាំសិក្សា ២០២៦-២០២៧។
ជ្រើសរើសតាមសមត្ថភាព បណ្តុះបណ្តាលសម្រាប់សេដ្ឋកិច្ចឌីជីថល
កម្មវិធីសិក្សាផ្តោតលើការអនុវត្តជាក់ស្តែង និងការសិក្សាផ្អែកលើគម្រោង ដើម្បីឱ្យនិស្សិតអាចអភិវឌ្ឍទាំងជំនាញបច្ចេកទេស ជំនាញការងារជាក្រុម ការដោះស្រាយបញ្ហា និងការទំនាក់ទំនង ដែលជាជំនាញចាំបាច់សម្រាប់ទីផ្សារការងារបច្ចុប្បន្ន។
បេក្ខជនសម្រាប់អាហារូបករណ៍ត្រូវបានណែនាំដោយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធិ៍រៀង និងត្រូវឆ្លងកាត់ការប្រឡងចូលរបស់វិទ្យាស្ថាន IT Academy STEP។ ការទទួលចូលរៀនត្រូវអនុវត្តតាមលក្ខខណ្ឌ និងស្តង់ដារចូលរៀនរបស់វិទ្យាស្ថានដូចគ្នានឹងនិស្សិតទូទៅ។ បេក្ខជនដែលទទួលបានជោគជ័យ នឹងទទួលបានអាហារូបករណ៍គ្របដណ្តប់ថ្លៃសិក្សា ១០០%។
លោក Vladimir បានមានប្រសាសន៍ថា៖ «កម្ពុជាត្រូវការធនធានមនុស្សផ្នែកអភិវឌ្ឍន៍កម្មវិធីបន្ថែមទៀត ហើយយុវជនដែលមានទេពកោសល្យអាចមាននៅគ្រប់ទីកន្លែង។ ភាពជាដៃគូនេះនឹងបើកឱកាសដល់យុវជនចំនួន ៥០ នាក់ ដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការសិក្សា ដើម្បីទទួលបានជំនាញ និងសញ្ញាបត្រ។ ភារកិច្ចរបស់យើង គឺធានាថា និស្សិតទាំងនោះអាចបញ្ចប់ការសិក្សាជាមួយជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ»។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពោធិ៍រៀង បានមានប្រសាសន៍ថា៖ «យុវជនស្រុកពោធិ៍រៀងមានសក្តានុពលក្នុងការចូលរួម និងទទួលបានជោគជ័យក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ អាហារូបករណ៍នេះនឹងផ្តល់ឱកាសដល់យុវជនចំនួន ៥០ នាក់ ឱ្យទទួលបានការអប់រំជំនាញអភិវឌ្ឍន៍កម្មវិធី កសាងអាជីពក្នុងវិស័យបច្ចេកវិទ្យា និងប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ពួកគេ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍»។
អំពីវិទ្យាស្ថាន IT Academy STEP
វិទ្យាស្ថាន IT Academy STEP ជាគ្រឹះស្ថានអប់រំផ្នែកព័ត៌មានវិទ្យាដែលបានដំណើរការនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ និងទទួលបានអាជ្ញាបណ្ណពីក្រសួងអប់រំ យុវជន និងកីឡា។ វិទ្យាស្ថានផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន តាមរយៈការសិក្សាដែលផ្តោតលើការអនុវត្ត គម្រោងជាក់ស្តែង និងជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។